ផែនការសកម្មភាព
សេចក្តីផ្តើម
ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយត្រូវបានឡាយព្រះហស្តលេខានិងប្រកាសឱ្យប្រើជាផ្លូវការនៅ
ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០១០ ។ យ៉ាងយូរបំផុត ៦ ខែបន្ទាប់ពីការប្រកាសនេះ ស្ថាប័នប្រឆាំងអំពើពុករលួយត្រូវបង្កើតឡើង រួមមានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនិងអង្គភាពប្រឆាំងអំពើពុករលួយ។ យោងតាមមាត្រា ១០ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ មានភារកិច្ច ក្នុងចំណោមភារកិច្ចផ្សេងៗទៀត កសាងយុទ្ធសាស្ត្រ និងនយោបាយប្រយុទ្ធប្រឆាំងអំពើពុករលួយ (ផែនការយុទ្ធសាស្ត្រប្រយុទ្ធ ប្រឆាំងអំពើពុករលួយ)។
ក្នុងមាត្រាទី ១៣ អង្គភាពប្រឆាំងអំពើពុករលួយមានភារកិច្ច ក្នុងចំណោម ភារកិច្ចផ្សេងៗទៀត ធ្វើការរៀបចំកសាងផែនការសកម្មភាពប្រយុទ្ធប្រឆាំងអំពើពុករលួយស្របតាម យុទ្ធសាស្ត្រ និងនយោបាយដែលបានដាក់ចេញដោយក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។
ផែនការសកម្មភាពនេះ ត្រូវបានរៀបចំតាក់តែងឡើងបន្ទាប់ពីការអនុម័តនិងដាក់ឱ្យអនុវត្តនូវផែនការ យុទ្ធសាស្ត្រជំហានទីមួយ ឆ្នាំ២០១១-២០១៥ របស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ។ ផែនការនេះត្រូវបានរៀបចំឡើងដើម្បីសម្រេចបាននូវចក្ខុវិស័យ គោលនយោបាយ បេសកកម្ម គោលដៅ យុទ្ធសាស្ត្រ គោលបំណងនិងសកម្មភាពគោល ដែលមានចែងនិងដាក់ចេញនៅក្នុងផែនការយុទ្ធសាស្ត្រ ជំហានទីមួយ ឆ្នាំ២០១១ - ២០១៥ ។